Sunday, November 4, 2012

Google+ សេវាកម្ម​សង្គម​ ដែល​ខ្វះ​ការ​គាំទ្រ​នៅ​កម្ពុជា


ជុំវិញ​ការ​លើក​ឡើង​ខាង​លើ​នេះ សុទ្ធា បុគ្គលិក​ផ្នែក​ដេគ័រ​នៅ​ក្រុមហ៊ុន HPK ប្រាប់​ថា Google Plus ហាក់​នៅ​ឆ្ងាយ​ពី​ចំណាប់អារម្មណ៍​របស់​អ្នក​ប្រើប្រាស់ ជាពិសេស​យុវវ័យ​ខ្មែរ។ “សូម្បី​ខ្ញុំ​ផ្ទាល់​ក៏​មិន​ធ្លាប់​ឮ​គេ​និយាយ​ពី​សេវាកម្ម​មួយ​នេះ​ដែរ​ពី ​មុន​មក”។ ប៉ុន្តែ​យ៉ាង​ណា យុវជន​រូប​នេះ​ថា បើ​សេវាកម្ម​ថ្មី​មួយ​នេះ មាន​ភាព​ទាក់ទាញ​ដូច Facebook មិន​យូរ​មិន​ឆាប់​នឹង​ទទួល​បាន​ការ​គាំទ្រ​ជា​មិន​ខាន។
Google Plus (Google+) ជា​​Social Network​មួយ​ថ្មី​ ដែល​មាន​លក្ខណៈ​​​ប្រហាក់ប្រហែល​នឹង​​Facebookដែរ​  តែ​គេ​សង្កេត​ឃើញ​ថា​​​កម្ពុជា បណ្ដាញ​សង្គម​មួយ​នេះ​ហាក់​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ផុលផុស​ដូច Facebook នោះ​ទេ។

ស្រដៀង​គ្នា​ នេះ​ដែរ សៀវ​ហួរ និស្សិត​សិក្សា​ផ្នែក​ទីផ្សារ​នៅ​សាកល​វិទ្យាល័យ​ បញ្ញាសាស្រ្ត ស្ទាក់ស្ទើរ​ក្នុង​ការ​ឆ្លើយ​តប នៅ​ពេល​ដែល Sabay សាកសួរ​ពី Google Plus។ “ខ្ញុំ​អត់​ស្គាល់​ទេ​បង​ពី Google Plus មិន​ដឹង​ថា​វា​ជា​សេវា​សង្គម​បែប​ណា​នោះ​ទេ។ ខ្ញុំ​ធ្លាប់​តែ​ឮ​គេ​និយាយ​ពី Facebook ឬ​ Twitter ប៉ុន្តែ​សេវាកម្ម​សង្គម​មួយ​នេះ​ហាក់​ដូចជា​ថ្មី​សន្លាង​សម្រាប់​ខ្ញុំ”។

យុវជន ​រូប​នេះ​ថា បច្ចុប្បន្ន Facebook កំពុង​តែ​វាយ​លុក​ស្រទាប់​យុវវ័យ​យ៉ាង​ខ្លាំង ហើយ​សូម្បី​តែ​សិស្ស​ក្មេងៗ​នៅ​តាម​សាលា​ជា​ច្រើន ក៏​នាំ​គ្នា​និយម​លេង​និង​និយាយ​តៗ​គ្នា​ពី​សេវាកម្ម​សង្គម​ដ៏​ពេញ​និយម​មួយ ​នេះ​ដែរ។ យុវជន​រូប​នេះ​ថា បើ Google Plus ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​និង​ទូលំទូលាយ ប្រាកដ​ជា​មាន​អ្នក​ចាប់​អារម្មណ៍​និង​ងាក​មក​ប្រើប្រាស់​សេវាកម្ម​មួយ​នេះ។

ចំណែក នីដា និស្សិត​សិក្សា​ផ្នែក​គណនេយ្យ​នៅ​វិទ្យាស្ថាន​វ៉ាន់ ដា​ គណនេយ្យ ឲ្យ​ដឹងដែរ​ថា កញ្ញា​ធ្លាប់​បង្កើត​គណនី Google Plus កាល​វា​នៅ​ដំណើរការណ៍​សាកល្បង​តាម​ការ​ណែនាំ​ពី​មិត្តភ័ក្តិ។ កញ្ញា​បញ្ជាក់​ថា ដំបូង​បង្កើត​ដោយសារ​គិត​ថា​ វា​ជា​សេវាកម្ម​សង្គម​ថ្មី​មួយ​និង​ចង់​ដឹង​ថា​លក្ខណៈ​ប្រើប្រាស់​តើ​មាន​ ចំណុច​ពិសេស​បែប​ណា​ខ្លះ។ ប៉ុន្តែ​ នីដា ថា ទោះ​បី​បាន​បង្កើត​ហើយ​ក៏​ដោយ ក៏​មិន​សូវ​បាន​ចូល​លេង​នោះ​ដែរ ដោយសារ​មិន​សូវ​មាន​មិត្តភ័ក្កិច្រើន​និយម​លេង​ ហើយ​ណាមួយ​គិតថា​លេង​ Facebook វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។

Google Plus បាន​ភ្ជាប់​មក​ជាមួយ​មុខងារពិសេស​ជា​ច្រើន​ដូចជា Hangout ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ប្រើ​សេវាកម្ម​ហៅ​ជា​សំឡេង ដោយ​មិន​បាច់​មើល​ឃើញ​វីដេអូ​។ ក្រៅ​ពី​នេះ​នៅ​មាន​ចំណុច​ពិសេស​ដទៃ​ទៀត​ដែល Google Plus បាន​បំពាក់​នៅ​ក្នុង​សេវាកម្ម​ថ្មី​របស់​ខ្លួន ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់ ឲ្យ​ចូល​លេង​សេវាកម្ម​ថ្មី​របស់​ខ្លួន​កាន់​តែ​ច្រើន។

Google+ (G+ ឬ​Google Plus) ចាប់​តាំង​បើក​ដំណើរការណ៍​ជា​ផ្លូវការណ៍​កាលពី​ថ្ងៃ ២៨ មិថុនា ២០១១ មក​ទល់​ខែ​កញ្ញា ២០១២ សេវាកម្ម​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Google មួយ​នេះ មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រមាណ ៤០០​លាន នាក់​នៅ​ជុំវិញ​ពិភពលោក។

---
Source: Sabay News